រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ជនចាស់ជរា និងមានជីវភាពខ្វះខាត​ ចំនួន ៣៩៨នាក់ ក្នុងក្រុងតាខ្មៅ ទទួលបាន អាវរងារ ភួយ និងស្បៀងអាហារ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ​ឯកឧត្តម​ គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងសហការរី មន្ត្រីរាជការ និងសប្បុរសជននានា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចែក​អាវរងា​ ​ភួយ​ ​និង​ស្បៀងអាហារមួយចំនួន ​ដល់​ពលរដ្ឋ​ចាស់ចាស់ជរា ​និង​មានជីវភាពខ្វះខាត​ ចំនួចំ៣៩៨នាក់​ ​មកពីសង្កាត់ទាំង៦ ក្នុងក្រុងតាខ្មៅ ។​ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការចែក​អំណោយ​នេះ​ធ្វើឡើង​ ដើម្បីឆ្លើយតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គសេនាបតីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាឱ្យអាជ្ញាធរ​ត្រូវយកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ក្នុង​ពេល​មាន​ធាតុអាកាស​ត្រជាក់​ចូល​មកដល់​ ដើម្បី​រក្សា​ភាព​កក់ក្តៅ​ ​និង​សុវត្ថិភាព​ក្នុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការចែកអំណោយជាអាវរងា ភួយ និងស្បៀងអាហារនេះ នឹងបន្តចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្រាលទុកលំបាកប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនទុកឱ្យប្រជាពលរដ្ឋមានការលំបាកឡើយ។នាឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត និងបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសប្រកបដោយព្រហ្មវិហារធម៌ របស់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងខេត្តកណ្ដាល។

ក្រៅពីនេះ ឯកឧត្តមក៏បានណែនាំឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។

​បើ​យោង​តាម​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​បានឲ្យ​ដឹង​ថា​ ​អាកាសធាតុ​ត្រជាក់​នឹង​បន្ត​រហូតដល់​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​២​ ហើយអាកាសធាតុ​ត្រជាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ធ្វើ​ឱ្យ​សីតុណ្ហភាព​នៅ​តំបន់​នានា​ក្នុង​ប្រទេស​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​១​៥​ ​អង្សា​រ​សេ​។​សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាទាំង ៣៩៨នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្នុងម្នាក់ទទួលបាន៖ ភួយ១ អាវរងា១ មី ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ និងម៉ាស់ ១០បន្ទះ។

អត្ថបទទាក់ទង