ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត និង មន្ត្រីរាជការជាច្រើនរូប បានចូលរួមអមដំណើរដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការចុះពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី និងបានប្រសិទ្ធិនាមថា " អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ" ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ ដោយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ព្រលានយន្តអន្តរជាតិនេះរួចម្តងមកហើយ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។
ព្រលានយន្តហោះថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។