ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តនៅខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង-ស្រុក ទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការចំណុះរដ្ឋបាលខេត្តកណ្តាល។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពសកម្មជាងមុន ក្នុងការចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម។
បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយ នូវចំណុចដែលខ្វះចន្លោះនោះរួចមក ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរ ស្រុក-ក្រុង ឃុំ-សង្កាត់ មន្ទីរ អង្គភាពជំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រួតពិនិត្យអំពីបញ្ហាប្រឈមនៅក្នុងរដ្ឋបាលក្រុង-ស្រុកនីមួយៗ ធ្វើការដោះស្រាយនៅថ្នាក់មូលដ្ឋានអោយបានទាន់ពេលវេលា មិនត្រូវទុកយូរនោះឡើយ។ ចំពោះបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ក្មេងទំនើង សូមឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវដាក់ចេញនូវយន្តការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងគោលបំណងរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ជាមួយគ្នានោះដែរឯកឧត្តម ក៏សូមឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវពន្លឿនការងារ Odf សាងសង់បង្គន់អនាម័យ តាមបណ្តាស្រុកដែលប្រជាពលរដ្ឋមិនទាន់មានបង្គន់អនាម័យប្រើអោយបានរួចរាល់១០០ភាគរយទូទាំងខេត្តអោយចប់ក្នុងឆ្នាំ ២០២២ខាងមុខនេះ៕