ខេត្តកណ្តាល៖រសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកីឡាមហាជនជ្រេីសរេីសជេីងឯកថ្នាក់ខេត្តប្រចាំ ឆ្នាំ២០២១ នៅកីឡដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីនេះ ក៏បានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ គណៈកម្មការកីឡា ក្មួយៗកីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសដ៏សប្បាយរីករាយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណសន្តិភាព ការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំប្រទេសកម្ពុជារីកចម្រេីនលេីគ្រប់វិស័យ ពិសេសវិស័យកីឡា ដោយបានបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសក្តានុពល និងហេដ្ឋារចនាសម្ព័ន្ធជាច្រេីនបម្រេីដល់វិស័យកីឡា។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្ថែមថា ការប្រកួតកីឡាមហាជនឆ្នាំ២០២១ ប្រព្រឹត្តិទៅដោយរលូន និងឈានដល់ការបិទបញ្ចប់ដោយសប្បាយរីករាយនាថ្ងៃនេះ គឺអាស្រ័យដោយភាពជោគជ័យនៃនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងនោះខេត្តកណ្តាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារអាយុចាប់ពី៥ឆ្នាំឡេីង លេីសផែនការ។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តវិធានសុខាភិបាល ពិសេសយ័ន្តដ៏សក្តិសិទ្ធរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺវិធាន "៣ការពារ ៣កុំ "។